ស្នេហាតាមទូរស័ព្ទមិនដែលស្គាល់មុខពេលបានជួបម្តងឃើញស្អាត ក៏ចាប់រំលោភ

2783

ស្នេហាតាមទូរស័ព្ទមិនដែលស្គាល់មុខពេលបានជួបម្តងឃើញស្អាត ក៏ចាប់រំលោភ

ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ ស្ត្រី​ម្នាក់​បាន​ដាក់​ពាក្យ​ប្តឹង​បុរសម្នាក់​ដោយ​ចោទ​ប្រកាន់​ថា​ បាន​ចាប់​នាង​រំលោភ​សេព​សន្ថវៈ​ក្រោម​ដើម​ពោធិ៍​ក្បែរ​របង​វត្ត​ក្នុង​ឃុំ​គោក​មន​ ស្រុក​បន្ទាយ​អំពិល​ កាល​ពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១២​ ធ្នូ ២០១៧ ។​

យោង​តាម​ស្ត្រី​រងគ្រោះ​រៀប​រាប់​ថា​ មុន​ពេល​កើត​ហេតុ​ ខណៈ​នាង​កំពុង​ឈរ​និយាយ​ទូរ​ស័ព្ទ​នៅ​ក្រោម​ដើម​ពុទ្រា​មុខ​ផ្ទះ​លើ​ចិញ្ចើម​ផ្លូវ​ ស្រាប់​តែ​បុរសដែល​នាង​ធ្លាប់​មាន​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​ តែ​ពុំ​ទាន់​បាន​ស្គាល់​មុខនោះបាន​យក​អាវ​មក​គ្រប​នាង​ រួច​យក​កាំបិត​ចុងស្រួច​មក​ភ្ជង់​គំរាម​មិន​ឱ្យ​ស្រែក បើ​ហ៊ាន​ស្រែក​នឹង​សម្លាប់​ចោល​ ។ បន្ទាប់​មក​បុរស​រូប​នេះ​បាន​អូស​នាង​ទៅ​ក្បែរ​វត្ត​គោក​មន​ ដល់​ក្រោម​ដើម​ពោធិ៍​ក៏​ចាប់​រំលោភ​សេព​សន្ថវៈ​រហូតបាន​សម្រេច​ ។​លោក​អនុសេនីយ៍​ឯក ឃុល​ ភិន ទទួល​ផ្នែក ព្រហ្ម​ទណ្ឌ​នៃ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​បន្ទាយ​អំពិល​បាន​ឱ្យ​ដឹង​ថា​ បន្ទាប់​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ស្ត្រី​រង​គ្រោះ​ សមត្ថ​កិច្ច​ក៏​បាន​ឃាត់​ខ្លួន​បុរស​ឈ្មោះ​ យឿត​ សារើត​ ហៅ​ដា អាយុ​២៣​ឆ្នាំ​ ជាក​ម្មករ​រោង​ម៉ាស៊ីន​ទឹក​កក​ និង​មាន​ទី​លំនៅ​ក្នុង​ភូមិ​កញ្ជៀប​ ឃុំ​គោក​មន​ ស្រុក​បន្ទាយ​អំពិល​ ពីបទ​ចាប់​រំលោភ​សេព​សន្ថវៈ​ ។ បន្ទាប់​ពី​ឃាត់​ខ្លួន​ជន​សង្ស័យ​ត្រូវ​បាន​នាំ​មក​កាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​បន្ទាយ​អំពិល​ដើម្បី​ធ្វើ​ការសាក​សួរ​ និង​ទទួល​បាន​ចម្លើយ​សារ​ភាព​ថា​ ខ្លួន​ពិត​ជា​បាន​ចាប់​នាង​រំលោភ​ដូច​ការ​ចោទ​ប្រកាន់​មែន ។​

យោង​តាម​ចម្លើយ​សារ​ភាព​របស់​ជន​សង្ស័យ​ និង​យោង​តាម​ពាក្យ​បណ្តឹង​របស់​ស្ត្រី​រង​គ្រោះ​ ជន​សង្ស័យ​ត្រូវបាន​បញ្ជូន​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរបាល​ដើម្បី​ចាត់​ការ​បន្ត ៕​