ខ្លាំងបាត់ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន បញ្ជាឱ្យហៅ ប្រធានគណនី កាស៊ីណូ Queenco មកសុំទោសម្ដាយបុគ្គលិកកាសីណូ

1008

 


ព្រះសីហនុ ៖ លោក ឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ ដែលមានប្រជាប្រិយភាពនោះ នៅព្រឹកថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០១៨ នេះ បានអោយ អ្នកសារព័ត៌មាន ដឹងថា បន្ទាប់ពីលោកបានមើលឃើញវីដេអូ ប្រធានគណនី កាស៊ីណូ នៅកំពង់សោម ជេរម្ដាយបុគ្គលិកដោយពាក្យអសុរស លោកឧត្ដមសេនីយ៍ទោ ស្នងការ បានបញ្ជាអោយ ស្នងការរងទទួលបន្ទុក ព្រហ្មទណ្ឌកោះហៅ ប្រធានគណនី ឈ្មោះ ខេន ដារិន និង បុគ្គលិក សណ្ឋាគារ និង កាស៊ីណូ Queenco នៅខេត្តព្រះសីហុន មកដោះស្រាយ នៅស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ។
លោកឧត្ដមសេនីយ៍ទោ ជួន ណារិន បានអោយដឹងទៀតថា ករណី នេះត្រូវតែអោយលោក ខេន ដារិន ប្រធានគណនី កាស៊ីណូ Queenco ធ្វើការសុំទោសម្ដាយរបស់យុវជនម្នាក់ដែលជាបុគ្គលិកនៅកាស៊ីណូ ។ ចំណែកយុវជនជាបុគ្គលិកដែលធ្វើការខុសឆ្គងនៅក្នុងក្រុមហ៊ុន ឬ មានកំហុសឆ្គងចំពោះលោក ខេន ដារិន ត្រូវសុំទោសលោក ខេន ដារិន វិញដែរ ។

ការរិះគន់យ៉ាងកក្រើក Facebook បានកើតឡើងបន្ទាប់ពីលោក ខេន ដារិន ប្រធានគណនី កាស៊ីណូ Queenco នៅខេត្តព្រះសីហនុ បានជេរប្រមាថបុគ្គលិកក្រោមបង្គាប់របស់ខ្លួនហើយរាលដាលដល់ ម្ដាយរបស់បុគ្គលិករូបនោះទៀតផង ។ អ្វីដែលកាន់តែហួសចិត្តថែមទៀតនោះ គឺ លោក ខេន ដារិន ដែលជេរម្ដាយគេហើយ អោយគេសុំទោសខ្លួនថែមទៀត ចំពោះទង្វើរបស់លោក ខេន ដារិន ជេរម្ដាយបុគ្គលិក លោក ខេន ដារិន មិនបានសុំទោសនោះទេ ហេតុនេះហើយទើបនៅព្រឹកថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០១៨ នេះ លោក ឧត្ដមសេនីយ៍ ទោ ជូន ណារិន បានបញ្ជាអោយស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ កោះហៅ ភាគីពាក់ព័ន្ធទាំងអស់មកដោះស្រាយឡើងវិញ ។ ជាពិសេសត្រូវតែអោយលោក ខេន ដារិន សុំទោសម្ដាយបុគ្គលិកនោះតាមរយះ វីដេអូ មួយផ្សាយជាសាធារណៈដើម្បីផ្ដល់កិត្តិយសជូនលោកស្រីជាម្ដាយរបស់បុគ្គលិករូបនោះវិញ សូមគាំទ្រនូវចំណាត់ការរបស់លោកឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ ដែលបានរកយុត្តិធម៌អោយម្ដាយបុគ្គលិកដែលរងការជេរប្រមាថពី ឈ្មោះ ខេន ដារិន ប្រធានគណនី កាស៊ីណូ Queenco នៅកំពង់សោម ៕