បទបញ្ជារបស់​សម្តេចតេជោហ៊ុន សែន មានសុពលភាពជាដរាប​ តែមន្ត្រីជញ្ជីង​ថ្លឹងរថយន្ត​នៅកូនដំរី​មិនខ្វល់ពីរឿងលើសទម្ងន់​ចាំយកលុយដាក់ខែ​ តើជាជញ្ជីងថ្លឹងលុយមែនទេ​?​

1833

ខេត្តបន្ទាយមានជ័យ៖​ ថ្មីៗនេះសកម្មភាព​ជាក់ស្តែង​របស់មន្ត្រី​ជញ្ជីង​ថ្លឹងរថយន្ត​មួយកន្លែងមានភាពមិនប្រក្រតី​ស្ថិត​នៅភូមិកូនដំរី​ ក្នុងក្រុងប៉ោយបែត ខេត្តមន្ទាយមានជ័យ ហាក់ដូចជាអង្គុយចាំ​តែយកលុយ​ជាថ្នូរ​នឹង​ការអនុគ្រោះ​ដោយមិនបាច់ឲ្យរថយន្តចូល​ឡើងជញ្ជីងថ្លឹងទម្ងន់​នោះឡើយ​ ដែលផ្ទុយ​ពីបទបញ្ជារបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ ដែល​បានប្រកាសឲ្យរិ​តបន្តឹងការអនុវត្ត​​ច្បាប់ស្តីពីចរាចរជើងគោក​ ដោយចាត់វិធានការ​ក្តៅចំពោះរថយន្ត​ខ្នា​តធំ​ដឹកទំនិញលើសចំណុះទម្ងន់កំណត់​ឲ្យខាងតែបាន​ជាកំហិត​ដែលមិនអាចឲ្យមានការ​លើកលែង​ឬមានកិច្ចអន្តរាគមន៍​ពីអ្នកណាមួយឲ្យបានរួចខ្លួនជាដាច់ខាត​ ចុះឥឡូវនេះហេតុអ្វីបានជាមន្ត្រីជញ្ជីង​នៅសា​្ថនីយ៍ថ្លឹងរថយន្ត​កូនដំរី​មិនខ្ចីយកត្រចៀកស្តាប់​ ហើយ​យកច្បាប់ទៅទ្រាប់គូថអង្គុយ​យ៉ាងដូច្នេះ​ ឬមួយក៏ចង់ធ្វើបដិវត្តន៍ប្រឆាំងនឹងបទបញ្ជានាយករដ្ឋមន្ត្រី​? ទើបបានជាថ្លើមធំ​ហ៊ាន​បំពានច្បាប់​ដើម្បីផលប្រយោជន៍ខ្លួនបែបនេះ​ ច្បាស់ជាមន្ត្រីកុក​កំពុងភ្លេចជុង​របស់សម្តេចតេជោហ៊ុន សែន ដែលបានដាក់បទបញ្ជា​នេះ គឺនៅតែមានសុពលភាពជាដរាប។​

ប្រភពពីប្រជាពលរដ្ឋដែលដឹងហេតុការណ៍​បានឲ្យដឹង​ថាសព្វថ្ងៃនេះមានរថយន្តដឹកទំនិញធន់ធំគ្រប់ប្រភេទដែលដឹកលើសចំណុះឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តដែលនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺកំពុងឃុបគ្នាជាមួយមន្ត្រីជំនាញដោយបើកភ្លើងខៀវឲ្យ​រថយន្តបើកឆ្លងកាត់ស្ថានីយ៍ថ្លឹងដោយមិនចាំបាច់ចូលថ្លឹងនោះទេ ទោះជារថយន្តទាំងនោះបានដឹកទំនិញផ្សេងៗដែលធ្ងន់លើសចំណុះយ៉ាងណាក៏ដោយ គឺក្រុមឈ្មួញឬ​ព្រូឡានគ្រាន់តែចុះពីលើឡានហើយរត់ទៅបង់លុយរួចជាការស្រេចតែម្តង​។

ប្រភពបន្តថា ក្រុមឈ្មួញដែលបានដឹកទំនិញគ្រប់ប្រភេទនិងលើសចំណុះទាំងនោះបានបង់លុយឲ្យទៅមន្តី្រជំនាញដែលនៅប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តភូមិកូនដំរីនោះ ក្នុង១រថយន្តត្រូវបង់ចាប់ពី១០.០០០០រៀល(ដប់ម៉ឺនរៀល) ទៅ៣០.០០០០(សាមសិបម៉ឺនរៀល) ហើយក្នុងមួយថ្ងៃៗរថយន្តដែលមិនបានថ្លឹងដោយគ្រាន់តែបង់ប្រាក់ឲ្យ​មន្រ្តីស្ថានីយ៍​ថ្លឹងរថយន្តក្នុងភូមិកូនដំរីនោះរាប់រយរាប់ពាន់គ្រឿងឯណោះហើយមាន​ក្រុមហ៊ុនជាច្រើននៅក្នុងក្រុងប៉ោយប៉ែតដែលបានដឹកជញ្ជួនលើសចំណុះ ដែលអ្នកបើកបរ​រថយន្តចូលថ្លឹងមែនតែត្រូវមន្រ្តីជំនាញទាំងនោះចេញវិក័យប័ត្រថ្លឹងរថយន្តក្លែងក្លាយ ដោយដូរតួលេខឲ្យ​ទម្ងន់​ត្រឹមត្រូវទៅតាមច្បាប់ដែលបានកំណត់ដើម្បីបំភាន់ភ្លែកមន្ត្រីជំនាញត្រួតពិនិត្យ​តាមដងផ្លូវ ហើយម្យ៉ាងវិញទៀតពេលដាច់ខែម្តងៗ​គឺខាងក្រុមហ៊ុនដឹកជញ្ជួននីមួយៗបានទៅជួបមន្រ្តីជំនាញទាំងនោះដើម្បីគ​ិត​គូរ​គ្នាបង់ប្រាក់ប្រចាំខែ។

សូមបញ្ជាក់ថា​ក្រោយពីអង្គភាព CTV យើង​បានទទួលព័ត៌មានដូចខាងលើកាលពីពេលថ្មីៗនេះ​ ភ្មាក់ងារ​យើងបានចុះទៅដល់ទីតាំងស្ថានីយ៍ថ្លឹងរថយន្តនៅបណ្តោយផ្លូវជាតិលេខ៥ ដែលស្ថិតនៅក្នុងភូមិកូនដំរីនោះ ហើយបានឃើញរថយន្តធន់យក្សដឹកទំនិញជាច្រើនគ្រឿងបន្ត​កន្ទុយគ្នាដូចស្រមោចកំពុងបើកបង្ហួសស្ថានីថ្លឹងបន្តិច ដោយមិនបានចូលទៅថ្លឹងទម្ងន់​ដូចសេចក្តីរាយការណ៍​ពិតប្រាកដមែនបន្ទាប់មកឃើញមានព្រូឡាននីមួយៗបានចុះដើរតម្រង់ទៅកាន់មន្ត្រីជំនាញដែលកំពុងអង្គុយនៅក្នុងបន្ទប់ថ្លឹងរថយន្តហើយបានបង់ប្រាក់ឲ្យ​ទៅជំនាញរួច ពួកគេដើរត្រឡប់​ទៅកាន់រថយន្តរបស់ខ្លួន​វិញ ហើយក៏បើរថយន្តបន្តដំណើរទៅមុខទៀតយ៉ាងរំភើយ  ខណៈដែល​ផ្លូវជាតិលេខ៥ ត្រូវបានគេ​សង្កេតឃើញថា មានការខូចខាត​ស្រុតជាជង្ហុក​ជាបណ្តើៗហើយ​ ជាពិសេសនៅទល់មុខនឹ​ងស្ថានីយ៍​ថ្លឹងរថយន្តនេះតែម្តង គឹបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយមន្ត្រីនៅស្ថានីយ៍កូនដំរីមិនព្រមយកភ្នែកមើលនិងជួសជុលវិញនោះទេ ។

បើតា​មប្រភព​ពីអ្នកបើករថយន្តដឹកទំនិញខ្នាតយក្សទាំងនោះ​បានប្រាប់ឲ្យ​ដឹងថា ពួកគាត់បើករថយន្តដឹកទំនិញឆ្លងកាត់ជញ្ជីងថ្លឹងរថយន្តនេះ ជារៀងរាល់ថ្ងៃ ហើយតែងតែឈប់ចតមួយសន្ទុះសិន​ដើម្បី​ចូលទៅជួបមន្ត្រីស្ថានីយ៍ថ្លឹងរថយន្ត​ដោយ​ប្រាប់ស្លាក​លេខរថយន្តរបស់ខ្លួនគ្រប់ពេលពីព្រោះ​បើសិនជាអ្នកបើកបរណាម្នាក់ហ៊ានបើកបង្ហួសដោយមិនចូលប្រាប់ស្លាកលេខ ឬ​ក៏មិនបង់លុយទេនោះប្រាកដជាត្រូវមន្ត្រីជំនាញទាំងនោះដេញតាមចាប់រថយន្តយកទៅស្ថានីយ៍ថ្លឹងទម្ងន់​ហើយបូកសរុបនិងធ្វើការផាកពិន័យទៅលើទម្ងន់​ជាក់ស្តែងជាមិនខាន ហើយ​ជារៀងរាល់ចុងខែគឺតែងតែមានតំណាងក្រុមហ៊ុននីមួយៗទៅជួបមន្ត្រីស្ថានីយ៍ជញ្ជីងកូនដំរីដើម្បីគិតគូរ​លុយកាក់ដាក់ខែជាមួយ​​គ្នាទៅតាមចំនួនរថយន្តដែលបានធ្វើសកម្មភាពដឹកជញ្ជួនជាប្រចាំដែលបានចូលប្រាប់ស្លាកលេខដល់មន្រ្តីជំនាញនាពេលកន្លងមក​។

មជ្ឈដ្ឋានប្រជាពលរដ្ឋ​​ជាច្រើនបានលើកឡើងថា រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺសម្តេច​តែងតែយកចិត្តទុកដាក់ កសាងផ្លូវ ថែទាំជាសម្បត្តិជាតិ តែផ្ទុយទៅវិញមន្រ្តីស្ថានីយ៍ថ្លឹងរថយន្តកូនដំរីនេះបែរជាហ៊ានធ្វើសកម្មភាពឃុបឃិតគ្នាប្រព្រឹត្ត​អំពើពុក​រលួយ ប្រឆាំងនិងរាជរដ្ឋាភិបាលទៅវិញ ដោយមិនខ្វល់ពីការរលាយ វិនាសហិនហោច ផ្លូវ ស្ពាន ដែលរាជរដ្ឋាភិបាលខិតខំ​ស្ថាបនាឡើង​ដើម្បីជួនដល់ប្រជាលពលរដ្ឋឲ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ និងឆាប់ដល់គោលដៅដោយមិនចំណា​យពេលយូរ ហើយដែល​រាជរដ្ឋាភិបាលបានចំណាយ​ថវិការជាតិអស់ច្រើសន្ធឹកសន្ធាប់​ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចំរើន​ជាលំដាប់​នោះ​ ទើបបានធ្វើឲ្យ​មានការគាំទ្រ​និងទទួលស្គាល់​ពីសហគមន៍ជាតិនិងអន្តរជាតិ​ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។​

 ពាក់ព័ន្ធនឹងករណីមន្ត្រី​ជញ្ជីងថ្លឹងរថយន្ត​នៅស្ថានីយ៍​កូនដំរី​ដែលចាំតែយកលុយដោយ​មិនបាច់ថ្លឹង​ធ្វើឲ្យផ្លូវជាតិ​កំពុង​រងនូវការខូចខាត​ដោយសារស្នាដៃឈ្មួញដឹកទំនិញលើសចំណុះ​ទម្ងន់កំណត់​និង​មន្ត្រី​ជំនាញ​ជញ្ជីង​របស់ក្រសួងសាធារណការនិងដឹកជញ្ជូន​ដែលបានឃុបឃឹតគ្នាប្រព្រឹត្តអំពើពុករលួយ​មើលស្រាលបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល​សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​ យ៉ាងដូចនេះ​គួរតែលោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន​ល្មម​ដល់ពេលចាត់វិធានការ​ចំពោះមន្ត្រី​ខិតខូចប្រព្រឹត្តអំពើពុករលួយ​បំផ្លាញផ្លូវជាតិ​បំផ្លាញសមិទ្ធផល​ខាតបង់ថវិកាជា​តិ​ ដែលទង្វើបែបនេះ​ ច្បាស់ជាសម្តេចតេជោហ៊ុន សែន មិនយល់មុខទុកមាត់ឲ្យ​តទៅទៀតឡើយ​គឺទោះបីជាអ្នកឯងអាងខ្នងអាងខ្សែ​ធំប៉ុណ្ណាក៏ដោយ​ក៏សម្តេចដកតំណែងក្រវាតចោល​បានដែរ​ចាំមើលចុះមិនយូរទេ​៕​