ក្រោយការប្រកាស របស់នាយករដ្ឋមន្រ្តី ឧកញ៉ា គិត ត្រូវបានឃាត់ខ្លួនបញ្ជូនទៅ ក្រសួងមហាផ្ទៃ  ?

70

ភ្នំពេញ ៖ បទបញ្ជារបស់នាយក រដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ពិតជាមានប្រសិទ្ធភាពមែន ដោយមិនដល់មួយ ថ្ងៃស្រួលបួលផង លោកឧកញ៉ា គិត ធាង ដែលជាម្ចាស់ក្លឹមកម្សាន្ត រ៉ុកដ៏ល្បីល្បាញ ក្រោយពីបិទនាចុងខែកុម្ភៈ រហូតមកដល់ព្រលប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ លោកត្រូវបានកងកម្លាំង សមត្ថកិច្ចចម្រុះចុះឃាត់ខ្លួនទៅដល់ផ្ទះនៅក្នុង ខណ្ឌទួលគោក បញ្ជូនទៅក្រសួងមហាផ្ទៃ នាព្រលប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។

មុនឈានទៅដល់ដំណាក់កាល នៃការឃាត់ខ្លួនលោឧកញ៉ា ដ៏មានឥទ្ធិពលនេះ គឺមាន កងកម្លាំងសមត្ថកិច្ចចម្រុះ ជាច្រើននាក់ បាននាំគ្នាទៅចាំឃ្លាំមើល នៅមុខផ្ទះរបស់លោកផងដែរ។
មន្រ្តីបានឲ្យដឹងថា ការឃាត់ខ្លួនលោកឧកញ៉ានេះ ពាក់ព័ន្ធបទល្មើសគ្រឿងញៀនជាលក្ខណៈទ្រង់ទ្រាយធំ។

បទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់កំហិតឲ្យក្រសួងមហាផ្ទៃត្រូវចាត់វិធានការណ៍ យ៉ាងម៉ឹងម៉ាត់ទៅតាមផ្លូវច្បាប់ ដើម្បីវែកមុខអ្នកបើកក្លឹបកម្សាន្តរ៉ុកដែល បង្កបញ្ហាអសន្តិសុខ នៅក្នុងសង្គម ខណៈក្លឹបនេះ នៅក្បែរសកលវិទ្យាល័យច្បាប់។

សម្តេចបញ្ជាក់ថា “សង្ឃឹមថា ក្រសួងមហាផ្ទៃនឹងបន្តចាត់វិធានការណ៍ លើបញ្ហានេះ បូកជាមួយនឹងដំណើរការក្តីរបស់ តុលាការត្រូវតែម៉ឺងម៉ាត់ ជាមួយនឹងការមិនវិល ត្រឡប់នៃអំពើពាលវាអាវ៉ាសែ សម្រាប់កន្លែងមួយនេះ ដែលត្រូវដាក់ទោសទណ្ឌឲ្យបានធ្ងន់ធ្ងរ។ ឯងស្វែងរកឲ្យដល់ទីជម្រៅនូវ មេខ្លោងរបស់វាថា នៅកន្លែងណា”។

សម្តេចថា ករណីនេះ មិនមែនជារឿងតូចតាចទេ ត្រូវតែដាក់ទោសទណ្ឌ ឲ្យបានស៊ីជម្រៅ ដើម្បីស្វែងរកអ្នកនៅ ពីក្រោយខ្នងឲ្យឃើញ ធ្វើយ៉ាងណាជីករឹកគល់ នៃជួញដូរគ្រឿងញៀននិងអ្នកពាក់ព័ន្ធ ក្នុងសំណុំរឿងមួយនេះ។

សូមបញ្ជាក់ថា ក្លឹបរ៉ុកត្រូវបានសមត្ថកិច្ចចុះបង្ក្រាប កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងនោះបានឃាត់ខ្លួន ជាង៣១១នាក់ មានទាំងជនជាតិខ្មែរ និងជនបរទេសមកពីច្រើនជាតិសាសន៍ ផងដែរ។ ក្នុងនោះភាគច្រើនសុទ្ធតែ ជាយុវវ័យ ប៉ុន្តែការឃាត់ខ្លួនបានប៉ុន្មានថ្ងៃ ត្រូវបានដោះលែងពួកគេវិញ ដោយសារមិនជាប់ពាក់ព័ន្ធ ។ បន្តឃុំខ្លួនប្រមាណជា១០នាក់ ដោយសារតែអ្នកទាំងនោះ បានជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀនជាទ្រង់ទ្រាយធំ។

បន្ទាប់ពីការចាប់ឃាត់ខ្លួនលោកឧកញ៉ា គិត ធាង លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត បានសង្ឃឹមទុកជាមុនលើប្រព័ន្ធតុលាការនៅកម្ពុជាថា នឹងអនុវត្តច្បាប់ដោយស្មើភាពគ្នាឲ្យទៅដូចទៅនឹងពលរដ្ឋទូទៅ។

លោកបានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅរាត្រីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះថា “សូមអបអរ និងសរសើរនៅចំណាត់ការនេះ។ ខ្ញុំសង្ឃឹមថា ការអនុវត្តច្បាប់និងធ្វើដោយស្មើភាព”៕