សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២នៅទីក្រុងប៉េកាំង ប្រទសចិន ?

409

 

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូដែលជាមន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ រួមនិងកិច្ចប្រជុំសំខាន់ៗជាច្រើនផ្សេងទៀត ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

យោងតាមកម្មវិធី នៅក្នុងសម័យប្រជុំជាន់ខ្ពស់នៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាពីមូលបទរបស់វេទិកា «កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ៖ បង្កើតជោគវាសនារួមដ៏ត្រចះត្រចង់»។

នៅថ្ងៃបន្ទាប់នៅក្នុងសម័យប្រជុំតុមូលរបស់ថ្នាក់ដឹកនាំ សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញចែករំលែកទស្សនវិស័យលើមូលបទ «ការជំរុញការតភ្ជាប់ ដើម្បីស្វែងរកធនធានថ្មីសម្រាប់ការរីកចម្រើន»។

បន្ទាប់ពីអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ សម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រមុខរដ្ឋ/រដ្ឋាភិបាលផ្សេងទៀត នឹងអញ្ជើញចូលរួមពិធីបើកពិព័រណ៍សាកវប្បកម្មអន្តរជាតិ២០១៩ ដែលនៅក្នុងឱកាសនោះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល នឹងសម្ពោធពន្លាជាតិរបស់កម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង, លោកនាយករដ្ឋមន្ត្រី លី ខឺឈាង, លោក វ៉ាង ហ៊ុននីង សមាជិកការិយាល័យនយោបាយ និងជាលេខានៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិន។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏នឹងជួបជាមួយ លោក លី យ៉ុង អគ្គនាយកអង្គការឧស្សាហកម្មអង្គការសហប្រជាជាតិ ព្រមទាំងទទួលការចូលជួបសម្តែងការគួរសមពីតំណាងក្រុមហ៊ុនចិនមួយចំនួន។

ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ នឹងមានការចុះហត្ថលេខាលើឯកសារមួយចំនួនស្តីពីជំនួយរបស់ចិន ព្រមទាំងគម្រោងកិច្ចសហប្រតិបត្តិការនានាផងដែរ។

លើសពីនេះទៅទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាសំខាន់មួយនៅក្នុងពិធីជួបជាមួយនិស្សិត និងសាស្រ្តាចារ្យ នៅសកលវិទ្យាល័យប៉េកាំង ហើយក្នុងឱកាសដ៏ឧត្តុងឧត្តមនោះសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងទទួលបាននូវការប្រគល់គោរមងារ «សាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ» ពីសាកលវិទ្យាល័យប៉េកាំងផងដែរ ៕