នារីស្រស់ស្អាតម្នាក់ទើបតែជួបផ្ទះបានមួយព្រឹកស្រាប់តែសាច់ញាតិម្ចាស់ផ្ទះចាប់រំលោភតែមិនបានសម្រេច ?

460

 

រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលស្ត្រីម្នាក់ទើបនឹងរើចូលទៅនៅក្នុងផ្ទះជួលបាន១ព្រឹក ស្រាប់តែត្រូវបានសាច់ញាត្តិម្ចាស់ផ្ទះជួលចាប់រំលោភសេពសន្ធវៈ តែមិនបានសម្រេច ដែលហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់លេខ១១៤ ជាន់ទី១ ផ្លូវ១៩៧២ ភូមិពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យម្ចាស់ផ្ទះឲ្យរត់គេចទៅបាត់នោះ មានឈ្មោះ រស់ នៅ ហៅទិត្យ នៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មេការសំណង់ ស្នាក់នៅ ផ្ទះកើតហេតុ មានស្រុកកំណើត ភូមិត្រពាំងទី២ ឃុំ ព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ត្រូវជាសាច់ញាតិរបស់ម្ចាស់ផ្ទះ ចំណែកនារីរងគ្រោះ ឈ្មោះ ទ.ម អាយុ២៥ឆ្នាំ មុខរបរ ជាងអ៊ុតសក់ ទើបនឹងរើចូលមកស្នាក់នៅក្នុងផ្ទះជួលបានតែ១ព្រឹកតែប៉ុណ្ណោះ។

តាមនារីរងគ្រោះបានរៀបរាប់ទាំងអារម្មណ៍ភ័យខ្លាច ថា នាងទើបមកជួលបន្ទប់ លេខ ១១៤ ផ្ទះខាងលើស្នាក់នៅដោយបាន រើឥវ៉ាន់ ដាក់ក្នុងបន្ទប់ កាលពីល្ងាចថ្ងៃទី២៤ លុះព្រឹកឡើងថ្ងៃទី២៥ ក៏ចូលមករៀបចំបន្ទប់ មិនទាន់បានដេកសម្រាកផង ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យបានដើរមកចូលក្នុងបន្ទប់របស់នាងទាំងនាងមិនដែលស្គាល់សោះ ដោយសារទើបមកស្នាក់នៅបានមួយព្រឹកប៉ុណ្ណោះ ជនសង្ស័យបានដើរចូលមកចាប់ច្របាច់ក ផ្តួល ប៉ុនប៉ងរំលោភ តែនាងស្រែក រើបម្រាស់ អ្នកជិតខាង ឃើញស្រែកផ្អើល ធ្វើឲ្យជនសង្ស័យស្ទុះរត់ចុះមកក្រោមវិញ ហើយគេចឋ្លួនបាត់។ រីឯនាងរងគ្រោះក៏ប្រញាប់ទៅប្ដឹង សមត្ថកិច្ច ភ្លាមៗផងដែរ។

លុះទៅដល់ផ្ទះកើតហេតុភ្លាម ស្រាប់តែម្ចាស់ផ្ទះ២នាក់ប្តីប្រពន្ធ រារាំងមិនឲ្យសមត្ថកិច្ចចូលឡើយ ដើម្បីទុកឱកាសឲ្យជនសង្ស័យរត់គេចទៅបាត់សិន រួចបានឲ្យសមត្ថកិច្ចចូលជាក្រោយ ។

បើតាមប្រភពមួយនៅកន្លែងកើតហេតុ បានបង្ហើបឲ្យដឹងថា ជនល្មើសត្រូវជាសាច់ញាតិរបស់ម្ចាស់ផ្ទះ ខ្លាចប៉ូលិសចាប់ខ្លួន ទើបម្ចាស់ផ្ទះប្រើល្បិច រារាំង មិនទាន់ឲ្យសមត្ថកិច្ចចូលភ្លាមៗទេ លុះជនសង្ស័យរត់ចេញតាមទ្វារក្រោយទៅបាត់ហើយ ទើបឲ្យប៉ូលិស ចូលជាក្រោយ ។ ដោយទង្វើម្ចាស់ផ្ទះ២នាក់ប្តីប្រពន្ធ ដូចជាសមគំនិត ជាមួយ ជនល្មើស ក្រោយកើតហេតុសមត្ថកិច្ចបានហៅម្ចាស់ផ្ទះទៅសាកសួរនៅប៉ុស្តិ៍ រីឯនារីរងគ្រោះក៏ដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ផង ៕