​នារី​ខ្មែរ-ឥស្លាម​២​នាក់ ​រួម​នឹង​គ្រឿងញៀន​ជាង​៧​គីឡូក្រាម ត្រូវមន្ទីរ​ប្រឆាំង​គ្រឿងញៀន​ចាប់​ខ្លួន​ ?

245

ភ្នំពេញ ៖ មន្ទីរ​ប្រឆាំង​គ្រឿងញៀន ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ​បាន​ចាប់​ខ្លួន​នារី​ខ្មែរ–ឥស្លាម​ចំនួន​២នាក់ រួម​នឹង​ថ្នាំញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​ICE​ ជាង​៧​គីឡូក្រាម ​និង​សម្ភារៈ​វេច​ខ្ចប់​មួយ​ចំនួន ទៀត ​ដែល​មាន​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ​អាមេរិក​។

ថ្លែងប្រាប់​ទូរទស្សន៍​ សុីធីវី អន ឡាញន៍ ខណៈ​កំពុង​ធ្វើតេស្ត​និង​បង្ហាញមុខ​នារី​២​នាក់​ ដែល​ជា​ជន សង្ស័យ​ជួញ​ដូរ​គ្រឿងញៀន​ នា​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ​ឆ្នាំ​២០១៩​នេះ​ នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​លោកវរៈសេនីយ៍ឯក​ យិន បញ្ញា​រិ​ទ្ធ​ បាន​ឲ្យ​ដឹងថា​ ក្រោយពី​មាន​បទបញ្ជា​ពី​ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិបណ្ឌិត​ នេ​ត សាវឿន ​អគ្គស្នងការ​នគរបាល​ជាតិ​ និង​មានការ​សហការ​ពី​ប្រជាពលរដ្ឋ​ផង​នោះ​ នគរបាល​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ បាន​ស៊ើបអង្កេត​អស់​រយៈពេល មួយខែ​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ពីរ​នាក់​ និង​គ្រឿងញៀន​ជាង​ប្រាំពីរ​គីឡូក្រាម​នេះ​ កាលពី​ថ្ងៃទី​២៦​ ខែឧសភា កន្លងទៅ​ថ្មីៗ​នេះ ​នៅ​ចំណុច ​ផ្លូវ ៩៣ ភូមិ ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ ខណ្ឌ ឫស្សីកែវ រាជធានី​ភ្នំពេញ​។

លោក​វរៈសេនីយ៍ឯក បាន​បន្តថា ស្ត្រី​ដែល​ជា​ជនសង្ស័យ​ទាំងពីរ​នាក់​នោះ​១. ឈ្មោះ ​ហ៊ីម ពៅ ភេទ ស្រី ជនជាតិខ្មែរ​ឥស្លាម​អាយុ ២៥​ឆ្នាំ ទីលំនៅ បច្ចុប្បន្ន ផ្ទះ​លេខ​៣៦H ផ្លូវ ៩៣ ភូមិ ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ​ខណ្ឌ ឫស្សីកែវ រាជធានី​ភ្នំពេញ ។ ២.​ឈ្មោះ ហ៊ីម ជុ អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ​​ឥស្លាម​ មាន​ទីលំនៅ ដូចគ្នា ។

បើតាម​លោក​វរៈសេនីយ៍ឯក យិន បញ្ញា​រិ​ទ្ធ​ ដដែល​បានបញ្ជាក់​ឲ្យ​ដឹងថា ​ស្ត្រី​ទាំងពីរ​នាក់​នេះ​បាន​ប្រើប្រាស់​ និង​រត់ពន្ធ​គ្រឿងញៀន​មួយ​យប់​មួយថ្ងៃ​ចាប់ពី​២​ទៅ​៣​គីឡូក្រាម​។​ យ៉ាងណាក៏ដោយ​ស្ត្រី​ឥស្លាម​ ដែល​ជា​ជនសង្ស័យ ​ទាំងពីរ​នាក់​នេះ​ នឹង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅ ​តាមច្បាប់​ នា​ល្ងាច​ថ្ងៃទី​២៨​នេះ ​ហើយ​គ្រឿងញៀន​ និង​សម្ភារៈ​ដែល​រឹបអូស​បាន​នឹង​បញ្ជូន​ទៅ​រក្សាទុក​សម្រាប់​កម្ទេច​ចោល​នាពេល​ឆាប់ៗ​នេះ​។

សូមបញ្ជាក់ថា នៅ​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៩​នេះ ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ធ្វើការ​រឹបអូស​បាន​គ្រឿងញៀន​ ជិត​ពីរ​រយ​គីឡូក្រាម ​ហើយនឹ​ង​ត្រូវ​យក​កម្ទេច​ចោល​នា​ពេល​ខាងមុខនេះ​៕