អគ្គស្នងការនគរបាលជាតិ អំពាវនាវដល់នាយប៉ុស្តិ៍នគរបាលទាំងអស់ ត្រូវតែបើកទ្វារ២៤ម៉ោងសម្រាប់បម្រើប្រជាពលរដ្ឋ

775

 

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានធ្វើការអំពាវនាវដល់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវតែបើកទ្វារ២៤ម៉ោងលើ២៣ម៉ោង សម្រាប់បម្រើប្រជាពលរដ្ឋ ហើយត្រូវតែបង្កើនសកម្មភាពទប់ស្កាត់រាល់បទល្មើសផ្សេងៗនៅតាមមូលដ្ឋានបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តដល់ពួកគាត់ ។

ថ្លែងនៅក្នុងកិច្ចប្រជុំលើកទី៣គណៈកម្មការដឹកនាំគម្រោងការងារនគរបាល និងសហគមន៍ (CPI) នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានតំណាងស្ថានទូតអូស្រ្តាលី ដែលជាម្ចាស់ជំនួយរបស់គម្រោង (CPI) ចូលរួមផងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងថា ដើម្បីធានានូវសុវត្ថិភាព និងសណ្តាប់ធ្នាប់ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសហគមន៍បន្ថែមទៀតនោះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវតែបើកទ្វារបម្រើដល់ប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ និងមិនត្រូវឲ្យប្រជាពលរដ្ឋរបស់ខ្លួនមានការថ្នាំងថ្នាក់អ្វីបន្តទៀតនោះឡើយ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានបន្ថែមទៀតថា នាពេលបច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្ថែមថវិកាដល់បណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេសទាំងអស់ចំនួន៥០ម៉ឺនបន្ថែមទៀតក្នុងមួយខែ ហើយបានផ្តល់ម៉ូតូចំនួនបីគ្រឿង ក្នុងប៉ុស្តិ៍នីមួយៗផងដែរ ដើម្បីចុះសួរសុខទុក្ខ និងអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ខណៈពួកគាត់ជួបបញ្ហាអ្វីនោះ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានលើកឡើងផងដែរថា គម្រោងនគរបាល និងសហគមន៍(CPI) នឹងធ្វើឲ្យភាពស្និទ្ធស្នាលរបស់នគរបាល និងប្រជាពលរដ្ឋកាន់តែល្អប្រសើរថែមទៀត ខណៈគម្រោងនេះនឹងអនុវត្តន៍ទូទាំងប្រទេសនាពេលខាងមុខ ។

ឯកឧត្តម បានបន្តថា គម្រោងនគរបាល និងសហគមន៍ (CPI) ដែលបានសាកល្បងក្នុងខេត្តចំនួនបីនាពេលកន្លងមកនេះ គឺពិតជាល្អខ្លាំងបំផុត ហើយឯកឧត្តមសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបានផ្តល់ជំនួយសម្រាប់គម្រោងនេះ ។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ អ្នកស្រី ខេត វិលសុន លេខាទី២ របស់ស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា ទទួលបន្ទុកកិច្ចការសហប្រតិបត្តិការអភិវឌ្ឍន៍ នៃក្រសួងការបរទេស និងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការគម្រោង បានលើកថ្លែង ថាអូស្រ្តាលី ពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលបានសហការជាមួយនិងអគ្គស្នងការនគរបាលជាតិ សម្រាប់អនុវត្តន៍គម្រោងនគរបាលនិង សហគមន៍ (CPI) នេះ ។

អ្នកស្រីបានបន្តទៀតថា អ្នកស្រីបានយល់ដឹងច្រើនអំពីភាពជោគជ័យ និងបញ្ហាប្រឈមក្នុងការអនុវត្តគម្រោងមួយនេះ ហើយអ្នកស្រីបានចុះទៅដល់ខេត្តបាត់ដំបងផ្ទាល់ដោយបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការងារនេះ ដែលបានជួយសម្រួលការងារនគរបាលប៉ុស្តិ៍រដ្ឋបាលឲ្យបានកាន់តែល្អប្រសើរជាងមុន ជាពិសេសផ្តោតលើការការពារ និងការដោះស្រាយបណ្តឹងនានាបានយ៉ាងល្អ និងឆាប់រហ័សនោះ ។

សូមរំលឹកថា គម្រោងនគរបាល និងសហគមន៍ (CPI) នេះត្រូវបានជួយឧបត្ថម្ភទាំងធនធាន និងបច្ចេកទេសដោយរដ្ឋាភិបាលអូស្ត្រាលី ជាពិសេសវគ្គបណ្តុះបណ្តាលដល់គ្រប់បណ្តានាយប៉ុស្តិ៍នគរបាលទាំងអស់ទូទាំងប្រទេសតែម្តង ៕